សាលាទទួលសិស្សឱ្យចូលរៀនប្រកបដោយ សមភាព សមធម៌ និងបរិយាបន្ន បណ្ដុះវិន័យ គុណភាព គុណធម៌ និងការឆ្នៃប្រឌិត កាត់បន្ថយអត្រាបោះបង់ការសិក្សាឱ្យសល់សូន្យភាគរយក្នុងមួយឆ្នាំៗ ពិសេសគឺផ្ដល់សេវាអប់រំមួយដែលសមាគមន៍ទទួលស្គាល់។
បេសកកម្មវិទ្យាល័យ ពេជ្រចិន្ដា មាន ៦ចំណុចធំៗគឺ ៖
១. កសាងមនុស្សឱ្យមានចំណេះដឹង ចំណេះធ្វើ និងមានសីលធម៌ ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល និងគោលនយោបាយក្រសួងអប់រំ យុវជន និងកីឡា
២. ពង្រឹងការផ្ដល់សេវាអប់រំ ឱ្យបានល្អប្រសើរឡើងថែមទៀត ពិសេសការចែករំលែកដល់សាលាដទៃៗទៀត ប្រែក្លាយសាលារៀនឱ្យក្លាយជាសាលារបស់សហគមន៍
៣. ពង្រឹងគុណវឌ្ឍិគ្រូ ទាំងជំនាញ និងសីលធម៌វិជ្ជាជីវៈ
៤. កសាងយុវជនមួយដែលសង្គមជាតិត្រូវការ ទាំងពេលបច្ចុប្បន្ន និងពេលអនាគត
៥. បណ្ដោះបណ្ដាលជំនាញភាសា និងជំនាញបច្ចេកទេសពេលសិស្សឈប់រៀនអាចចិញ្ចឹមជីវិតបាន
៦. លើកម្ពស់យេនឌ័រលើគ្រប់វិស័យ។
ដោយគុណតម្លៃរបស់វិទ្យាល័យ ពេជ្រចិន្ដា មានចំនួន ៥ធំៗ ដូចខាងក្រោម ៖
១. គ្រូបង្រៀន សំដៅលើ លោកគ្រូអ្នកគ្រូទាំងអស់ គឺជាអ្នកដែលមានមនសិកាវិជ្ជាជីវៈ និងមានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការបង្ហាត់បង្រៀនកូនរបស់ប្រជាពលរដ្ឋ ឱ្យមានចំណេះសម្បទា បំណិនសម្បទា និងកាយសម្បទា
២. សហគមន៍ ដោយមើលឃើញពីការលះបង់ និងការយកចិត្តទុកដាក់របស់លោកគ្រូអ្នកគ្រូ ទៅកាន់សិស្សានុសិស្ស ទើបធ្វើឱ្យសហគមន៍ចូលរួមចំណែកលះបង់ដូចគ្នា ក្នុងការចូលរួមអភិវឌ្ឍន៍សាលា ដូចជា ផ្នែកហេដ្ឋារចនាសម្ព័ន្ធ សួនច្បារមួយចំនួនធំ ហើយអ្វីដែលពិសេសគឺសហគមន៍រីករាយក្នុងការជួយសាលាដោយមិនគិតពីផលប្រយោជន៍ ពោលគឺសហគមន៍មិនមានលុយខែទេ ប៉ុន្តែបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសាលា ជម្រុញឱ្យសិស្សខិតខំរៀនសូត្រ ជម្រុញឱ្យសិស្សប្រឡងឱ្យចប់ ជម្រុញឱ្យសិស្សមានសីលធម៌ និងជម្រុញឱ្យកូនសិស្សមានបំណិន ។ល។
៣. សិស្សានុសិស្ស ទោះបីសាលាមានបទបញ្ញាតិល្អប៉ុណ្ណាក៏ដោយ បើសិស្សានុសិស្សមិនអនុវត្តន៍ នោះក៏គ្មានន័យអ្វីដែរ ប៉ុន្តែផ្ទុយទៅវិញ សម្រាប់វិទ្យាល័យ ពេជ្រចិន្ដា រាល់បទបញ្ញាតិផ្សេងៗ គឺសិស្សានុសិស្សគោរពយ៉ាងខ្ជាប់ខ្ជួន ព្រោះពួកគាត់ដឹងថា តួនាទីសិស្សត្រូវធ្វើអ្វី (រៀនសូត្រ ប្រឹងប្រែង ព្យាយាម ដើម្បិបំពេញតួនាទីជាកូនល្អ មិត្តល្អ និងសិស្សល្អ ដែលហៅថា ៣ល្អ)
៤. មាតាបិតា ថ្វីត្បិតតែមាតាបិតាភាគច្រើនមិនមានចំណេះដឹង ប៉ុន្តែមាតាបិតាជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការជម្រុញឱ្យកូនរៀន និងជាអ្នកផ្គត់ផ្គង់សេដ្ឋកិច្ច ទោះបីពេលខ្លះមានការខ្វះខាត់យ៉ាងណាក៏ដោយ ក៏ជម្រុញឱ្យកូនរៀនចប់ចុងចប់ដើមដែរ
៥. អាជ្ញាធរ និងអង្គការដៃគូរ ជាអ្នកជួយជ្រោមជ្រែងខាងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន និងបំណិនខាងក្នុងសាលា។ ដោយហេដ្ឋារចនាសម្ព័ន្ធនោះ រួមាន អគារ បន្ទប់ទឹកជាដើម។ ចំណែកបំណិនខាងក្នុងរួមមាន បណ្ដុះជំនាញវិជ្ជាជីរៈ ធ្វើនំ ចេះធ្វើសក់ និងជំនាញផ្សេងៗទៀត ទាក់ទងនឹងការតម្រង់ទិស soft skill (ជំនាញទន់) សីលធម៌ ទំនាក់ទំនងជាដើម។